ភ្នំសំពៅ
ភ្នំសំពៅជារមណីយដ្ឋានភ្នំធម្មជាតិនិងមានមត៌កវប្បធម៌ប្រវត្តិសាស្ដ្រច្រើនលើសលុបសម្រាប់ប្រជាជនខ្មែរនៃខេត្តបាត់ដំបង។ ភ្នំនេះត្រូវបានកំណត់ចូលក្នុងរឿងនិទានបុរាណខ្មែរទាក់ទងនឹងភូមិសាស្រ្ដក្នុងខេត្តភាគពាយ័ព្យមួយនេះដោយមានភ្នំជុំវិញដូចជា ភ្នំនាងរំសាយសក់ ភ្នំក្ដោង ភ្នំក្រពើ ភ្នំទ្រុងមាន់ទ្រុងទា ភ្នំដូនមាឃ ភ្នំបាណន់ជាដើម។ ភ្នំសំពៅស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១០ (បច្ចុប្បន្ន លេខ៥៧)និងមានភូមិដ្ឋានប្រជាជនខ្មែររស់នៅជើងភ្នំយ៉ាងច្រើនកុះករតាំងពីដើមរៀងមក។ តាមចាស់ៗបុរាណនៅម្ដុំៗនេះប្រាប់ថាជីដូនជីតាគាត់ធ្លាប់បានប្រទះឃើញរូងសត្វនាគពិតៗ ធំណាស់នៅភ្នំជិតៗនោះ តែមិនដឹងជារូងដែលនាគនៅឬយ៉ាងណា (សត្វពស់ចាស់វស្សារយឆ្នាំ ដោយគ្រាន់តែដងខ្លួនធំប៉ុណ្ណាប៉ុណ្ណី មានស្រកាភ្លឺដូចប្រាក់) ប៉ុន្តែគេមិនបានធ្វើអីយើងទេ បើយើងមិនប៉ះពាល់ឬបំពារបំពានគេនោះ។ និយាយពីភ្នំសំពៅមានកាំជណ្ដើរឡើងតាមចំហៀងភ្នំល្មមតែហត់ខ្យល់មែន ប៉ុន្តែហាក់ដូចជាសប្បាយនឹងព្រៃព្រឹក្សាទេសភាពលើខ្នងភ្នំនិងជុំវិញនោះដោយមានមេឃខៀវសស្រលះ។ ជណ្ដើរឡើងតាមពិតត្រូវបានសង់ទៅផ្លូវថ្មីលើចំណុចខ្លះ ដោយហេតុជណ្ដើរចាស់នៅចំហៀងភ្នំមានសភាពទ្រុឌទ្រោមបន្តិចដែរ។ ជាចំណុចអវិជ្ជមានបន្តិចដែលការសាងសង់សំណង់សាសនាច្រើនលើសលុបពេកធ្វើអោយបាត់សោភ័ណទេសភាពខ្នងភ្នំនេះមួយភាគធំ។ ភ្នំសំពៅមានល្អាងភ្នំច្រើនដូចជា ល្អាងផ្កាស្លា ល្អាងអណ្ដូងប្រេង មានថ្មធម្មជាតិដុះដូចរូបដំរីសាមពាន់ និងទេសភាពពិតជាស្អាតទាក់ភ្នែកទៅកាន់ទីដ៏សែនឆ្ងាយផុតកន្ទុយភ្នែក។ ការមកភ្នំសំពៅមានក្មេងជាមគ្គទេសក៍ទេសចរណ៍មកដើររ៉ាយរ៉ាប់ស្ដាប់មិនចេះណាយ បើអ្នកចូលចិត្តប្រវត្តិសាស្ដ្រនិងធម្មជាតិលើភ្នំនេះ។ ពិសេសជាងគេដែលភ្នំសំពៅទាក់ភ្នែកនោះ គឺហ្វូងស្វាលើខ្នងភ្នំដ៏រប៉ិលរប៉ូច ពេញទឹកពេញដី ហិហិ......និងមួយទៀតគឺការទស្សនាហ្វូងសត្វប្រចៀវពេលល្ងាចដែលហោះចេញពីចំហៀងភ្នំសំពៅយ៉ាងច្រើនលើសលុបជាខ្សែបន្ទាត់ដ៏វែងអន្លាយកាត់ផ្ទៃអាកាសដូចនាគហោះ។ ពិតជាសប្បាយបើអាកាសមិនសូវក្ដៅនិងមិនភ្លៀង! ជាសំណូមពរ អោយមានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានព្រោះសំរាមច្រើនអនេកតាមចំហៀងភ្នំ បើអាចសូមអោយមានសាមគ្គីកម្លាំងរកវីធីបោសសំអាតអោយបានស្អាតជាទីគាប់ភ្នែកពិតសម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ និងសូមបញ្ឈប់សំណង់សាសនាហួសហេតុពេក។ មិនមែនថាមិនគោរពទេ តែកុំសង់ច្រើនពេក និងសុំខមាទោសវត្ថុសក្ដិសិទ្ធិផងបើលើសលោះខុសឆ្គងព្រោះចង់អោយស្អាតបានល្អទាំងអស់គ្នា!
No comments:
Post a Comment