Saturday, June 25, 2016

កម្ពុជាក្រោម


កម្ពុជាក្រោមជាទឹកដីដ៏ស្រស់ស្អាតនិងជាវាលទំនាបជាប់មាត់សមុទ្រ (អតីតទឹកដីខ្មែរមានកំពង់ផែបុរេអង្គរអូរកែវ កំពង់ផែអន្តរជាតិដែលខ្មែរតែងធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា ចិន រ៉ូម៉ាំង ក្រិក .......)។ ជាក់ស្ដែងកម្ពុជាក្រោមមានខេត្តទាំងអស់២១ រួមមាន ពាមបន្ទាយមាស ក្រមួនស ទឹកខ្មៅ (ជ្រោយកម្ពុជាជាប់ឈូងសមុទ្រខ្មែរនិងសមុទ្រចិនខាងត្បូង) ពាមបារាជ កំពង់ឫស្សី ព្រែកឫស្សី ឃ្លាំង ព្រះត្រពាំង រោងដំរី មាត់ជ្រូក លង់ហោរ កំពង់ស្រកាត្រី (ចង្វាត្រពាំង) អូរកាប់ ព្រះសួគ៌ា ព្រៃនគរ គោះគង ពលលាវ ឈ្មោះថ្មី ទួលតាមោក មេសរ និង ផ្សាដែក។ កោះសំខាន់គឺ កោះត្រលាច រីឯកោះត្រល់នៅមានជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជាដោយហេតុជំនាន់បារាំងគ្រាន់តែដាក់អោយប្រមូលពន្ធតែប៉ុណ្ណោះមិនបាននិយាយពីរដ្ឋបាលដែនដីនាពេលអាណានិគមចប់ឡើយ និងម៉្យាងកោះត្រល់ស្ថិតនៅជាប់នឹងឆ្នេរខ្មែរបន្តពីជួរភ្នំក្រវាញដែលដីអាចដុះជាប់នឹងប្រទេសកម្ពុជាជាដីគោកវិញដោយយោងតាមច្បាប់សមុទ្រកោះនេះត្រូវជាកម្មសិទ្ធិរបស់កម្ពុជាដែលមិនទាន់មានការដោះស្រាយវែកញែកដ៏ត្រឹមត្រូវនៅឡើយ (ប្រទេសសាំងហ្គាពួរធ្លាប់ជួយតវ៉ាជំនួសកម្ពុជាលើរឿងនេះតែដោយកម្ពុជានៅក្រោមការគ្រប់គ្រងរបស់វៀតណាមជំនាន់នោះមិនទាន់មានការបកស្រាយអោយប្រាកដ)។ កម្ពុជាក្រោមសព្វថ្ងៃមានជនជាតិខ្មែរប្រមាណ៧លាននាក់ តែរដ្ឋបាលវៀតណាមថាមានតែជាងមួយលាននាក់ប៉ុណ្ណោះ។ ខេត្តដែលខ្មែរនៅសំខាន់លើសលុបលើជនជាតិវៀតណាមនាពេលបច្ចុប្បន្នគឺខេត្តព្រះត្រពាំង រោងដំរី ពលលាវ និងឃ្លាំង ដោយហេតុខេត្តផ្សេងៗនៅមានខ្មែររស់នៅប្រហាក់ប្រហែលនឹងវៀតណាមបន្ទាប់ពីការដកហូតដីធ្លីនិងការធ្វើបុកទុក្ខទោម្នេញតាំងពីសម័យកំពប់តែអុងដល់សម៍័យក្រោយសង្គ្រាមវៀតណាមបញ្ចប់បន្តិចគីចុងទសវត្ស៨០។ ការសិក្សាភាសាខ្មែរមិនត្រូវបានអនុញ្ញាតអោយបើកជាសាលារៀនឡើយ លើកលែងតែតាមវត្តអារាមដោយមានការកំណត់ (ចំណុចនេះកម្ពុជាគួរពិភាក្សាសម្រាប់ការដោះដូរដោយហេតុថាសមាគមវៀតណាមនៅកម្ពុជាអាចប្រើប្រាស់និងរៀនភាសាវៀតណាមបានយ៉ាងទូលំទូលាយមានជាសាលាបង្រៀនតាមសមាគមនៅប្រទេសកម្ពុជា)។ ជាប្រវត្តិសាស្ដ្រពិត កម្ពុជាក្រោមចាប់ផ្ដើមទទួលការហូរចូលជនជាតិយៀកណាម (យួនឬវៀតណាម) ចាប់តាំងពីការរៀបការរបស់បុត្រីយួនអង្គចូវជាមួយក្សត្រខ្មែរជ័យជេដ្ឋា ដោយកាលនោះនាងបានសុំអោយរដ្ឋបាលនគរយួនប្រមូលពន្ធនៅម្ដុំព្រៃនគរជាបណ្ដោះអាសន្នទម្រាំផុតរាជព្រះអង្គទើបប្រគល់ការប្រមូលពន្ធមកខ្មែរវិញ។ ជាកលល្បិចពិត បន្ទាប់ពីព្រះអង្គសុគតទៅ មិនមានការប្រគល់មកខ្មែរវិញហើយថែមទាំងជនជាតិយួនឬវៀតណាមហូរចូលកាន់តែច្រើនមិនត្រឺមតែព្រៃនគរគឺបន្តទៅខេត្តនានាជាបន្តនិងដណ្ដើមខ្មែរកាន់កាប់បន្ទាប់ពីក្សត្រ ក្រោយៗរវល់ដណ្ដើមរាជ្យគ្នាពឹងនគរយៀកណាមជួយវាយទ័ពបដិបក្ខរបស់ខ្លួនដែលក៏បានពឹងសៀមដូចគ្នា។ ការធ្វើបុកទុក្ខទោម្នេញនិងចលនាក្រុមចោរសមុទ្រចិនដែលភៀសខ្លួនមកនៅកម្ពុជាក្រោមដែរនោះ បានបង្កអោយមានការបង្ក្រាបពីស្តេចខ្មែរនិងយួននាំអោយប្រជាជនបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិជាច្រើន ហើយដែលយួនតែងតែឆ្លៀតដណ្ដើមកាន់កាប់ខេត្តជាបន្តបន្ទាប់។ ការកាន់កាប់ដោយយួននៅកម្ពុជាក្រោមស្ទើរតែទាំងស្រុងទៅហើយត្រូវបង្ក្រាបទៅវិញដោយមេទ័ពខ្មែរចំណានៗក្រោមកិច្ចដឹកនាំដោយព្រះបាទអង្គឌួងនិងដណ្ដើមបានខេត្តខ្មែរក្រោមជាច្រើនមកវិញ។ ក្រោយពីព្រះបាទអង្គឌួងសុគតបន្ទាប់ពីបរាជ័យក្នុងការហៅពួកអឺរ៉ុបមកជួយនោះ កម្ពុជាក្រោមត្រូវវៀតណាមបញ្ជ្រាបកាន់កាប់បានខ្លះវិញរហូតដល់ទ័ពបារាំងមកកាន់កាប់បង្កើតជាតំបន់អាណានិគមកូសាំងស៊ីនលើកម្ពុជាក្រោមទាំងមូល តែជនជាតិវៀតណាមពូកែអែបអបដណ្ដើមការងារជំនិតបារាំងនិងទិញទឹកចិត្តពួកនោះជាញឹកញាប់ដើម្បីអនាគតគ្រប់គ្រងកម្ពុជាក្រោមទាំងមូល។ បារាំងនៅតែរក្សាជំហមិនមានការកាន់ទៅវៀតណាមឬកម្ពុជាឡើយ ព្រោះសុទ្ធតែនៅក្រោមអាណានិគមបារាំងទាំងអស់។ ប៉ុន្តែសំណាងអាក្រក់ដោយបារាំងជិតអស់អំណាចអាណានិគមហើយដើម្បីគំនិតបន្តអាណានិគមនោះ បារាំងបានសុំស្ដេចបាវដាយវៀតណាមអោយជួយគ្រប់គ្រងស្ថានការណ៍បារាំងលើវៀតណាមទាំងមូលនោះ ស្ដេចបាវដាយបានដាក់លក្ខខណ្ឌអោយសភាបារាំងអនុម័តប្រគល់កម្ពុជាក្រោមឬកូសាំងស៊ីនទើបស្ដេចបាវដាយព្រមត្រលប់មកគ្រប់គ្រងស្ថានការណ៍ជួយបារាំងបន្តអាណានិគម។ ដោយហេតុនេះសភាបារាំងដោយគិតតែពីអំណាចរបស់ខ្លួនបានសុខចិត្តហៅស្ដេចបាវដាយអោយចូលស្រុកយួនវិញនិងប្រគល់កូសាំងស៊ីនទាំងមូលទៅអោយវៀតណាមកាន់កាប់ជាផ្លូវការនៅថ្ងៃទៅ០៤ មិថុនា ១៩៤៩ ដោយមិនបានសួរយោបល់កម្ពុជាឡើយនិងដោយការធ្វេសប្រហែសរបស់កម្ពុជាក្នុងការគ្រប់គ្រងស្ថានការណ៍អោយបានត្រឹមត្រូវ។ ដូច្នេះបានជាសមាគមកម្ពុជាក្រោមតែងប្រារព្ធខួបការបាត់បង់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទៅ០៤មិថុនាជារៀងរាល់ឆ្នាំ។ ការទាមទារកម្ពុជាក្រោមមកវិញជាការពិបាកណាស់ដោយហេតុជនជាតិវៀតណាមមានច្រើនលើសលុបលើខ្មែរទៅហើយ ដូចនេះអ្វីដែលគួរធ្វើបានពេលនេះគឺស្នើអោយប្រទេសវៀតណាមគោរពសិទ្ធិជនជាតិខ្មែរនៅកម្ពុជាក្រោមដោយត្រូវអនុញាតអោយមានសិទ្ធិសេរីភាពលើភាសា សាសនាព្រះពុទ្ធខ្មែរ វប្បធម៌ សិទ្ធិរស់នៅ និងការលើកកម្ពស់ការអប់រំអោយខ្មែរក្រោមមានចំណេះដឹងនិងជីវភាពសមរម្យដូចប្រជាជនវៀតណាម និងត្រូវបញ្ឍប់ការរើសអើង ការរឹបអូសដីធ្លី និងការហាមឃាត់នានាលើការភាសានិងវប្បធម៌ខ្មែរក្រោម ជាពិសេសបញ្ឃប់គំនិតរំលាយសាសន៍ខ្មែរដើម្បីជនជាតិខ្លួនដោយហេតុសម័យនេះជាសម័យទំនើបមនុស្សគ្រប់រូបត្រូវរស់នៅដោយសុខដុមរមនាដូចៗគ្នា។ ខ្មែរក្រោមក៏ជាប្រជាជននៃប្រទេសវៀតណាមដែរ គួរមានសិទ្ធិសេរីភាពធ្វើអ្វីទូលំទូលាយក្នុងការថែរក្សាកេរដំណែលវប្បធម៌របស់ខ្មែរបុរាណ អាចក្លាយជាគោលដៅទាក់ទាញទេសចរណ៍របស់ប្រទេសវៀតណាមថែមទៀតផង ជាពិសេសខ្មែរក្រោមគួរមានសិទ្ធិឈរឈ្មោះដឹកនាំតំបន់ដែលខ្លួនរស់នៅដូចអ្នកនយោបាយវៀតណាមដែរដោយពុំមានការគាបសង្កត់ឡើយ។

No comments:

Post a Comment